លោក តូ ឡឹម ក្លាយជាមេដឹកនាំវៀតណាម មានអំណាចបំផុតមិន​ធ្លាប់​មាន​រាប់ទសវត្សរ៍​មក​នេះ

នាព្រឹកថ្ងៃអង្គារ ទី៧ ខែមេសានេះ រដ្ឋសភាវៀតណាមបានសម្រេចជាឯកច្ឆន្ទបោះឆ្នោតជ្រើសតាំងអគ្គលេខាធិការបក្សកុម្មុយនិស្ត លោក តូ ឡឹម ឲ្យ​កាន់តំណែងជាប្រធានរដ្ឋសម្រាប់អាណត្តិ​៥ឆ្នាំខាងមុខទៀត។ តាម​ការ​ផ្សាយរបស់​រ៉យទ័រ ការសម្រេចចិត្តនេះបានធ្វើ​ឲ្យ​លោកក្លាយជាមេដឹកនាំវៀតណាមដែលមានអំណាចខ្លាំងបំផុតមិនធ្លាប់មានក្នុងរយៈពេលរាប់សិបឆ្នាំមកនេះ ព្រោះលោកត្រូវកាន់តួនាទីកំពូលទាំងពីរក្នុងពេលតែមួយ ពោលគឺទាំងមេបក្ស និងប្រមុខរដ្ឋ ដែលជាការផ្លាស់ប្តូរចេញពីប្រព័ន្ធដឹកនាំជាសមូហភាពបែបប្រពៃណីរបស់វៀតណាម។

តាមរយៈការក្ដោបក្ដាប់អំណាចក្នុងដៃតែម្នាក់ឯងបែបនេះ អ្នកវិភាគយល់ថា វានឹងជួយ​ឲ្យ​ការសម្រេចចិត្តលើកិច្ចការធំៗរបស់ប្រទេសជាតិមានភាពរហ័សទាន់ចិត្ត ស្រដៀងទៅនឹងគំរូដឹកនាំរបស់ប្រទេសចិនដែរ។ នៅក្នុងសេចក្តីថ្លែងការណ៍ដំបូងបន្ទាប់ពីជាប់ឆ្នោត លោក តូ ឡឹម បានសន្យាថានឹងដឹកនាំប្រទេសឆ្ពោះទៅរក «ម៉ូដែលនៃកំណើនថ្មី» ដោយផ្តោតសំខាន់លើវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថល។ លោកក៏បានសង្កត់ធ្ងន់លើការលើកកម្ពស់ជីវភាពប្រជាជន និងការពង្រឹងវិស័យការពារជាតិ​ឲ្យ​កាន់តែរឹងមាំដោយផ្អែកលើការពឹងផ្អែកលើខ្លួនឯង។

ទោះបីជាមានការបារម្ភខ្លះៗពីអ្នកជំនាញថា ការប្រមូលផ្ដុំអំណាចខ្លាំងពេកអាចនាំ​ឲ្យ​មានការដឹកនាំបែបផ្ដាច់ការក៏ដោយ ប៉ុន្តែសម្រាប់អ្នកវិនិយោគបរទេសវិញ គេនៅតែមើលឃើញថា លោក តូ ឡឹម ជាមេដឹកនាំដែលគាំទ្រដល់វិស័យធុរកិច្ច និងរក្សាបាននូវស្ថិរភាពនយោបាយ។ លោកធ្លាប់បានដាក់ចេញនូវការកែទម្រង់សេដ្ឋកិច្ចស៊ីជម្រៅ ដើម្បីធ្វើ​ឲ្យ​វៀតណាមមានសមត្ថភាពប្រកួតប្រជែងកាន់តែខ្ពស់នៅលើឆាកអន្តរជាតិ ជាពិសេសគឺការចង់ឲ្យ​សេដ្ឋកិច្ចវៀតណាមឈប់ពឹងផ្អែកខ្លាំងតែលើការផលិតដែលមានតម្លៃពលកម្មថោក។

ចំពោះគោលនយោបាយការបរទេសវិញ លោក តូ ឡឹម នៅតែបន្តប្រកាន់ខ្ជាប់នូវ «នយោបាយការទូតដើមឫស្សី» ដែលជារូបមន្តបត់បែនតាមកាលៈទេសៈ ដើម្បីរក្សាតុល្យភាពទំនាក់ទំនងជាមួយប្រទេសមហាអំណាចនានា។ ការកាន់តំណែងទ្វេគុណ​របស់លោកនៅពេលនេះ មិនត្រឹមតែជាការបង្រួបបង្រួមអំណាចនយោបាយក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសញ្ញាបង្ហាញទៅកាន់ពិភពលោកថា វៀតណាមកំពុងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការបោះជំហានទៅមុខយ៉ាងលឿន និងប្រកបដោយប្រសិទ្ធភាពក្នុងយុគសម័យថ្មី។ បន្ទាប់ពីការបោះឆ្នោតនេះ សភាវៀតណាមក៏គ្រោងនឹងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ដើម្បីមកជំនួសលោក ផាម មិញជិញ ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *