តារាសម្ដែង និងជាតារាម៉ូដែលល្បីឈ្មោះកញ្ញា មាន សូនីតា បាននិយាយថារាល់ភាពយន្តដែលនាងបានថតនាពេលកន្លងមកសុទ្ធសឹងតែមានអត្តន័យអប់រំល្អធ្វើឱ្យទស្សនិកជនកោតសរសើរ ឬទទួលយកបានទើបនាងសម្រេចិត្តទទួលថត។
ការអះអាងបែបនេះ ខណៈស្នាដៃបែបអប់រំថ្មីមួយទៀតរបស់កញ្ញានឹងលេចមុខតាមបណ្ដារោងភាពយន្តនានាចាប់ពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២នេះតទៅគឺរឿង”ពេលម៉ែចាស់ទៅ” ដែលជាស្នាដៃដឹកនាំដ៏ល្បីឈ្មោះពីអ្នកស្រី ពាន់ ភួងបុប្ផា។
មាន សូនីតា ដែលសម្ដែងជាតួអង្គពិសី ក្នុងរឿង”ពេលម៉ែចាស់ទៅ” បានប្រាប់សារព័ត៌មាន ក្បោះក្បាយ ថា”គ្រាន់តែខ្ញុំមើលសាច់រឿងភ្លាម ខ្ញុំចាប់អារម្មណ៍ភ្លែត ដោយអត្តន័យផ្ដោតសំខាន់លើអ្នកម្ដាយ ដែលមនុស្សគ្រប់គ្នាតែងមានម្ដាយ ហើយគ្មាននរណាម្នាក់អាចជោគជ័យដោយគ្មានការជំរុញពីម្ដាយឬគ្រួសារនោះទេ”។
តារាសម្ដែងល្បីឈ្មោះរូបនេះបន្តថា នាងពិតជាសប្បាយរីករាយជាខ្លាំងនៅពេលបានសម្ដែងវិញក្នុងរឿងដែលជាការដឹកនាំរបស់អ្នកមីង ពាន់ ភួងបុប្ផា បន្ទាប់ពីស្ងាប់ស្ងាត់ពីទីផ្សារសិល្បៈមួយរយៈមក។
បើទោះជាស្ថិតក្នុងស្ថានភាពគ្រួសារបែបអ្នកមាន អ្នកក្រ ឬក្នុងកម្រិតជីវភាពបែបណាក៏ដោយសាច់រឿង”ពេលម៉ែចាស់ទៅ” នេះគឹត្រូវគ្រប់កាលៈទេសៈ ធ្វើឱ្យទស្សនិកជនមិនអាចមើករំលងបាន។
ដ្បិតតែនេះជាប្រភេទរឿងបែបអប់រំ ហើយមិនសូវជាប្រភេទរឿងដែលទីផ្សារអ្នកមើលក្នុងប្រទេសកម្ពុជា ត្រូវការខ្លាំងក្ដីក៏ប៉ុន្តែកញ្ញា មាន សូនីតា បានបង្ហាញពីក្ដីជឿជាក់ខ្ពស់ថាស្នាដៃថ្មីរបស់ខ្លួនមួយនេះ នឹងទទួលការគាំទ្រខ្លាំងពីទស្សនិកជន។ ការជឿជាក់ដូច្នេះ ក៏ព្រោះតែកញ្ញាជឿជាក់លើសាច់រឿង និងសមត្ថភាពដឹកនាំរបស់អ្នកនិពន្ធល្បីឈ្មោះខាងលើ ដោយនាងបានបញ្ជាក់ខ្លីថា របស់ល្អគឹមិនខ្វះឡើយអ្នកចង់ជាវ។
សូមបញ្ជាក់ថាស្នាដៃថ្មីរបស់កញ្ញា មាន សូនីតា គឺរឿង”ពេលម៉ែចាស់ទៅ” នឹងដាក់បញ្ចាំងជាផ្លូវការតាមបណ្ដារោងភាពយន្តនានាចាប់ពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២នេះតទៅ។ រឿងនេះក៏អាចជាស្នាដៃដើម្បីបំបែកភាពស្ងប់ស្ងាត់ទីផ្សាររបស់កញ្ញាមួយរយៈផងដែរ ដោយខកខានលេចវត្តមានក្នុងវិស័យភាពយន្តនាពេលកន្លងមក៕