ដ្បិតតែទើបបង្កើតបានជាងមួយឆ្នាំក្ដីក៏ប៉ុន្តែក្រុមចម្រៀងរ៉កវ័យក្មេង Escapes Band កំពុងមានផែនការរបស់ខ្លួនច្បាស់លាស់ដើម្បីបង្ហាញស្នាដៃ និងសម្ថភាពរបស់ពួកគេលើឆាកអន្តរជាតិក្នុងពេលឆាប់ខាងមុខ។
Escapes Band ដែលមានសហាជិក៦នាក់ បើទោះជាពេលនេះពួកគេមិនទាន់មានទីផ្សារខ្ពស់ទាំងក្នុងប្រទេស និងក្រៅប្រទេស ប៉ុន្តែពួកគេជឿជាក់ថាក្នុងពេលឆាប់ខាងមុខពួកគេនឹងអាចទាក់ទាញការគាំទ្របានច្រើនពីទស្សនិកជន។
សមាជិកម្នាក់របស់ក្រុម Escapes Band បាននិយាយថាមិនមែនជារឿងចៃដន្យទេដែលក្រុមរបស់បួកគេបង្កើតមក ព្រោះក្រៅតែពីក្តីស្រម៉ៃរួមមួយ ស្រលាញ់វិស័យចម្រៀង បែបរ៉ុក គោលបំណងធំរបស់ពូួកគេគឺចង់បង្ហាញ សមត្ថភាពលើឆាក អន្តរជាតិ។
សមាជិករូបនេះបន្ត មកទល់បច្ចុប្បន្នក្រុមចម្រៀងរ៉កវ័យក្មេងរបស់ពួកគេផលិតចម្រៀងផ្ទាល់ខ្លួនបានពី៥ទៅ៦បទរួចមកហើយ ដែលកំពុងបង្ហាញសមត្ថភាព តាមកម្មវិធី ប្រគុំតន្ត្រី តាមបណ្តាស្ថានីយតូរទស្សន៍នានានៅក្នុងស្រុក និងកម្មវិធីផ្សេងៗ។
ជាមួយវត្តមានបទចម្រៀងថ្មី និងស្ទិលតុបតែងខ្លួនប្លែកៗ អមនឹងទឹកដមសំនៀងពីរោះរណ្ដំក្រុមចម្រៀងរ៉កវ័យក្មេង Escapes Band កំពុងតែលេចមុខ និងទទួលការគាំទ្រជាបណ្ដើរៗពីសំណាក់សិស្ស និសិត្ស នឹងមហសជនផងដែរ។
ដោយមើលឃើញពីសន្ទុះនៃការគាំទ្រតន្ត្រីបែបរ៉កនេះចាប់ផ្ដើមមានការកក្រើកឡើងវិញ Escapes Band មានជំនឿថាមិនយូរមិនឆាប់ទេក្រុមតន្ត្រីរបស់ពួកគេនឹងទទួលគាំទ្រកាន់តែខ្លាំងនាពេលដ៏ខ្លីខាងមុខ។ ក្នុងនោះប្រាកដណាស់ការលេចវត្តមានលើឆាកអន្តរជាតិដែលជាគោលបំណងធំរបស់ពួកគេចង់នាំតន្ត្រីបែបរ៉ករបស់ កម្ពុជាលើឆាកអន្តរជាតិនឹងលេចចេញជាផ្លែផ្កា៕