ជារឿងមួយគួរអោយចាប់អារម្មណ៍មែនទែនសម្រាប់គម្រោងថតខ្សែភាពយន្តនិយាយពីការថែរក្សា និងការពារបរិស្ថាននៅកម្ពុជា។ ប្រសិនបើគម្រោងនេះជោគជ័យតាមផែនការដូចការគ្រោងទុកមែន នោះតារាល្បីៗមកពី អាមេរិក ចិន ម៉ាឡេស៊ី និងតារាក្នុងស្រុករបស់យើងនឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗ។
ក្នុងឪកាសចូលជួបសម្ដែងការគួរសមជាមួយរដ្ឋមន្ត្រីក្រសួងព័ត៍មានឯកឧត្ដម ខៀវ កាញារីទ្ធ លោកស្រី Mariam Arthun ដែលជាផលិតករភាពយន្ត មានគម្រោងថតខ្សែភាពយន្តដែលនិយាយអំពីការថែរក្សាបរិស្ថាននៅកម្ពុជា ដើម្បីជាចំណែកជួយការពារបរិស្ថាន។
លោកស្រី Mariam Arthun ផលិតករភាពយន្ត ដែលបានមករស់ នៅប្រទេសកម្ពុជាប្រមាណ ១៥ឆ្នាំមកហើយនេះ បានបញ្ជាក់ជូនពីគោលបំណងចង់រៀបចំថតជាខ្សែភាពយន្តមួយ ដែលមានតួអន្តរជាតិ មកពីអាមេរិក ចិន ម៉ាឡេស៊ី ដែលនិយាយអំពីការថែរក្សាបរិស្ថាន ។
ក្នុងនោះបានបង្ហាញពីគ្រួសារយុវជនមួយ ដែលជាអ្នកប្រមាញ់សត្វព្រៃ ប៉ុន្តែក្រោយមកបានយល់ពីបញ្ហាបរិស្ថាននេះ បានឈប់បរបាញ់សត្វព្រៃ ហើយបានក្លាយជាអ្នកខិតខំដើម្បីធ្វើយ៉ាងណាជំរុញឱ្យពលរដ្ឋទាំងអស់ ឱ្យស្រឡាញ់បរិស្ថាន និងជួយការពារជីវិតសត្វព្រៃឱ្យបានល្អគង់វង្ស ។
តាមរយ:សកម្មភាពការងារនេះ លោកស្រី Mariam Arthun បានស្នើសុំការគាំទ្រពីក្រសួងព័ត៌មាន ។ ជាការឆ្លើយតប ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសំដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងថតខ្សែភាពយន្ត ទាក់ ទងទៅនឹងការការពារបរិស្ថាន និងជីវិតសត្វព្រៃនៅកម្ពុជា ។
ឯកឧត្តម រដ្ឋមន្រ្តី បានជូន ពរឱ្យគម្រោងកិច្ចការងាររបស់លោកស្រី Mariam Arthun ទទួលបានជោគជ័យ ៕