ខណៈកម្មវិធី Miss Grand Cambodia នឹងឈប់ទទួលពាក្យបេក្ខភាពចូលរួមប្រកួតជែងនៅពាក់កណ្ដាខែ កក្កដា ខាងមុខនេះ មានបេក្ខភាពខ្លះដែលបានដាក់ពាក្យហើយ បានប្រកាសដកពាក្យវិញជាបន្តបន្ទាប់ ដោយលើកហេតុផលជាប់រវល់ភារកិច្ចរៀងៗខ្លួន។
បេក្ខភាពបានដាក់ពាក្យហើយប្រកាដដកពាក្យវិញមានដូចជា Miss Grand ខ្មែរ សុរិន្ទប៉ានរ៉ាត់ ពិនម៉ឹង ស្រីស្អាត អៀ ម៉េងលិ ហៅអូនម៉ី ស្រីស្អាត ហាស់ឌី ជូនលីន ហៅអូនផ្កាយ និងបេក្ខភាពមួយចំនួនទៀត។
យ៉ាងណាក៏ដោយការប្រកាសដកពាក្យនេះត្រូវបានអ្នកចាត់ការទូទៅ Miss Grand Cambodia លោក អុិន សុភិន បាននិយាយថាវាជារឿងសិទ្ធរបស់បុគ្គល គ្មានពាក់ពាក់ ឬប៉ះពាល់ដល់ស្ថាប័ន និងកម្មវិធី Miss Grand 2022 នេះទេ។
លោកបានបញ្ជាក់ថា៖”អត់មានបញ្ហាអីទេ! នេះជាសិទ្ទរបស់គាត់។ ពេលគាត់ដាក់ពាក្យក៏គាត់ដាក់ខ្លួនគាត់ ក្រុមការងារមិនបានសួរនាំពួកគាត់ទេដោយយើងរវល់ពេកបេក្ខភាពដាក់ពាក្យច្រើនឆ្នាំនេះ”។
អ្នកចាត់ការទូទៅរូបនេះបន្តថា ដោយសារតែកម្មវិធី Miss Grand Cambodia ពីមួយឆ្នាំទៅមួយឆ្នាំទទួលការគាំទ្រកាន់តែខ្លាំងពីទស្សនិកជនទាំងក្នុង និងក្រៅប្រទេស ធ្វើឱ្យអ្នកដាក់ពាក្យចូលរួមប្រកួតប្រជែងមានកាន់តែច្រើន ហើយបេក្ខភាពបានប្រកាសដកពាក្យ ពួកគេអាចគិតថាសម្បូរដោយអ្នកមានសមត្ថភាព និងស្រស់ស្អាតច្រើនទើបមិនអាចចូលរួមប្រកួតក៏ថាបាន។
សម្រាប់ឆ្នាំ២០២២ ដោយសារតែជាខួប ១០ឆ្នាំនៃកម្មវិធី Miss Grand International លោក អុិន សុភិន បានសង្កត់ធ្ងន់ថា Miss Grand Cambodia ឆ្នាំនេះនឹងរៀបចំកាន់តែធំ និងកក្រើកជាឆ្នាំមុន បន្ទាប់ពីមានការទុកចិត្ត និងការគាំទ្រកាន់តែខ្លាំងឡើងពីសំណាក់ Sponsor និងទស្សនិកជនជាដើម។
លោកមានជំនឿយ៉ាងមុនមាំថា ឆ្នាំ២០២២នេះ កម្ពុជានឹងរើសបានអ្នកតំណាងដ៏ស្រស់ស្អាត មានសមត្ថភាព ទេពកោសល្យល្អ ដែលអាចប្រកួតប្រជែងលើឆាកអន្តរជាតិមិនចាញ់បេក្ខភាពមកពីបណ្ដាប្រទេសនានាជុំវិញពិភពលោកនោះទេ។
អ្នកតំណាង Miss Garand ប្រចាំប្រទេស កម្ពុជាបាននិយាយថា៖”គោលដៅរបស់យើងឆ្នាំនេះគឺរក្សាតំណែងតិចណាស់ក៏បាន Top 20 ដូចឆ្នាំមុន ឬអាចលើសពីនេះ។ ខ្ញុំ និងក្រុមការងាររបស់ខ្ញុំកំពុងញាប់ដៃញាប់ជើងខ្លាំងណាស់លើរឿងនេះ ដោយមិនធ្វើឱ្យកម្ពុជា និងអ្នកគាំទ្ររបស់យើងខកបំណងនោះទេ”៕