នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ចូលរួមគោរពវិញ្ញាណក្ខន្ធ អតីតនាយករដ្ឋមន្ត្រីជប៉ុន ឯកឧត្តម Shinzo Abe នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា។
ឯកឧត្តម Shinzo Abe បានទទួលមរណភាព នៅរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពីរងការបាញ់ប្រហារកំឡុង ពេលថ្លែងសុន្ទរកថាមួយក្នុងទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន។ ភ្លាមៗបន្ទាប់ពីទទួលដំណឹង ពីមរណភាពរបស់ ឯកឧត្តម Shinzo Abe សម្ដេចតេជោ ហ៊ុន សែន កាលពីរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ សម្តេចបានផ្ញើសារជូនលោក គីស៊ីដា ហ្វឺមីអូ នាយករដ្ឋមន្រ្តីជប៉ុន ដើម្បីរំលែកទុក្ខចំពោះមរណភាពរបស់ ឯកឧត្តម Shinzo Abe ដែលទទួលមរណភាព ក្នុងវ័យ៦៧ឆ្នាំ។

ក្នុងលិខិតរំលែកទុក្ខផ្ញើជូន ឯកឧត្តម គីស៊ីដា ហ្វឺមីអូ នាយករដ្ឋមន្រ្តីជប៉ុន សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្ញុំមានអារម្មណ៍រន្ធត់ចិត្តយ៉ាងខ្លាំង និងសោកសៅជាពន់ពេក ដែលទទួលបានព័ត៌មានអំពីមរណភាពរបស់ ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន ដោយសារការធ្វើឃាតទាំងកណ្តាលថ្ងៃ។ តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសម្ដែងនូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងសមានចិត្តដ៏ជ្រាលជ្រៅ ជូនចំពោះឯកឧត្តម និងតាមរយៈឯកឧត្តម ជូនចំពោះក្រុមគ្រួសារសព ក៏ដូចជាប្រជាជនជប៉ុន ចំពោះការបាត់បង់ដ៏ធំធេងនេះ។ សមានចិត្ត និងការបួងសួងរបស់យើងខ្ញុំស្ថិតនៅជាមួយឯកឧត្តម និងប្រជាជនជប៉ុន នៅក្នុងកាលៈទេសៈដ៏សោកសង្រេងនេះ។