តារាសម្តែងជើងចាស់ល្បីឈ្មោះលោក ទេព រិនដារ៉ូ បើទោះជាបច្ចុប្បន្នលោកមានវ័យរាងជ្រេបន្តិចមែនក្ដី ក៏ប៉ុន្តែបើនិយាយពីទីផ្សារសិល្បៈវិញលោកនៅតែខ្លាំង មិនចាញ់តារាក្មេងៗជំនាន់ក្រោយប៉ុន្មាននោះទេ។ ជាក់ស្តែងនៅក្នុងខែតុលា នេះលោកទទួលថត ៣ រឿងជាប់ៗគ្នាតែម្តង ទាំងរឿងភាគនិងរឿងដុំទុកដាក់បញ្ចាំងនៅក្នុងរោងភាពយន្ត ។
ក្នុងមួយឆ្នាំៗតារាសម្តែងចាស់វស្សារូបនេះ ទទួលថតរឿងមិនតិចជាង ១០រឿងឡើយ ដូច្នេះហើយទើបធ្វើឱ្យប្រជាប្រិយភាពលោកនៅតែខ្លាំងក្លាក្នុងវិស័យសម្តែង បើប្រៀបធៀបទៅមិត្តរួមជំនាន់ លោកនៅតែលេចធ្លោជាងគេ ។ មិនតែប៉ុណ្ណោះលោក ទេព រិនដារ៉ូ នៅតែអាចរក្សាតំណែង និង តម្លៃខ្លួនរបស់លោកឱ្យនៅខ្ពស់ដូចមុនដដែល ជាក់ស្តែងរាល់ពេលចេញថតរឿងម្តងៗលោកទទួលបានតម្លៃខ្ពស់មិនធម្មតា សូម្បីតែសិល្បករវ័យក្មេងមួយចំនួនក៏មិនអាចទទួលបានតម្លៃខ្លួនខ្ពស់ដូចជាលោកដែរ ។
ចុងក្រោយនេះលោកកាន់តែធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ខ្លាំងបន្ទាប់ពីមានវត្តមាននៅក្នុងរឿងដុំដែលមានចំណងជើងថា « លោកគ្រូ ប្រពន្ធល្អ » ដោយលោកសម្តែងជាមួយលោក ព្រហ្មម៉ាញ ក្នុងតំណែងជាតួអង្គលោកឧកញ៉ា ដែលមានទ្រព្យសម្បត្តិស្តុកស្តម ។ ក្នុងរឿងនេះផងដែរលោក ទេព រិនដារ៉ូ ទទួលបានបទពិសោធថ្មីៗជាច្រើនពីលោក ព្រហ្ម ម៉ាញ ដែលជាសិល្បករខាងអាយ៉ៃ លោកថាបើមានឱកាសល្អ លោកនឹងចូលរួមសម្តែងជាងមួយលោក ព្រហ្ម ម៉ាញ ជាលើកទី ២ ។
នៅក្នុងខែតុលានេះផងដែរលោក ទេព រិនដារ៉ូ បានទទួលថតរឿង ៣ ជាប់ៗគ្នាក្នុងពេលតែមួយ ធ្វើឱ្យ លោករវល់រកពេលសម្រាកគ្មាន តែទោះជាយ៉ាងណាលោករីករាយជាមួយការងារទាំងនោះ ជាងនៅទំនេរអត់ការងារធ្វើ ។
ក្រៅពីទទួលថត ៣ រឿងនៅក្នុងខែ តុលា នេះតារាល្បីឈ្មោះខាងលើ មានគម្រោងនឹងថតភាពយន្តខ្នាតធំជាច្រើនទៀតនៅក្នុងខែ ធ្នូ និងដើមខែ មករា ឆ្នាំ ២០២៣ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខ លោក ទេព រិនដារ៉ូ បានបន្ថែមទៀតថា ឆ្នាំក្រោយលោកមានគម្រោងថតរឿងច្រើនជាងឆ្នាំចាស់ ៕