ពិតជាគួរឱ្យសោកស្ដាយ និងភ្ញាក់ផ្អើលជាទីបំផុតព្រោះតែទើបប្រកាសដាក់ពាក្យជាង១សប្ដាហ៍សោះ Miss Grand ខ្មែរ សុរិន្ទប៉ានរ៉ាត់ ពិនម៉ឹង បានប្រកាសដកពាក្យវិញពីកម្មវិធីប្រកួត Miss Grand Cambodia 2022 ធ្វើឱ្យទស្សនិកជនស្រងាកចិត្តគ្រប់ៗគ្នា។
បើយោងតាមផេកផ្លូវការរបស់ Miss Grand Cambodia បានឱ្យដឹងថា Miss Grand ខ្មែរសុរិន្ទ ប៉ានរ៉ាត់ ពិនម៉ឹង ដែលមានឪពុម្ដាយជាខ្មែរសុរិន្ទ បានប្រកាសដកពាក្យប្រកួតចេញពីកម្មវិធីនេះ ដោយសារមានកតព្វកិច្ចរវល់ផ្ទាល់ខ្លួន។
ផេកផ្លូវការនេះមិនបានបញ្ចាក់ពីមូលហេតុផ្សេងៗទៀតធ្វើឱ្យស្រីស្អាតខ្មែរ សុរិន្ទខាងលើប្រកាសដកពាក្យភ្លាមៗ ក្រោយពីដាក់ពាក្យនោះទេ។ យ៉ាងណាក៏ដោយបើតាមប្រភពពីខាង Miss Grand Cambodia ម្នាក់សុំមិនបញ្ចេញឈ្មោះបាននិយាយថា ហេតុផងចម្បងធ្វើឱ្យ Miss Grand ខ្មែរ សុរិន្ទប៉ានរ៉ាត់ ពិនម៉ឹង ប្រកាសដកពាក្យប្រញ៉ាប់ប្រញ៉ាលបែបនេះ ព្រោះតែនាងខ្លាចទស្សនិកជនខ្មែរមួយចំនួនមិនអាចទទួលយកនាង ប្រសិនបើជាប់ជយលាភីតំណាងប្រទេស កម្ពុជា ពិត។ ក្នុងនោះនឹងមានអ្នករិះគន់ច្រើន ព្រោះតែនាងមិនអាចនិយាយភាសាខ្មែរបាន និងកត្តាមួយចំនួនទៀត។
ប្រភពបានបន្តថា ហេតុផលចម្បងមួយទៀតធ្វើឱ្យស្រីស្អាតខាងលើប្រកាសដកពាក្យ ព្រោះតែមិនសូវស្គាល់ពីវប្បធម៌ប្រពៃណីជាតិខ្មែរធ្វើឱ្យគាត់អាចពិបាកក្នុងការទំនាក់ទំនង និងស្វែងយល់ប្រសិនបើជាប់ជាអ្នកតំណាងប្រទេស កម្ពុជា ពិតមែន។
ហេតុផលប្រភពខាងលើនេះមិិនសូវខុសគ្នាប៉ុន្មានពីហ្វេនៗដែលជាអ្នកគាំទ្រ Miss Grand Cambodia ប៉ុន្មាននោះទេ ហ្វេនៗជាច្រើនបានបញ្ជាក់ថា បើទោះជា ប៉ានរ៉ាត់ ពិនម៉ឹង មានឈាមជ័រជាខ្មែរពិតមែនក៏ប៉ុន្តែការយល់ពីតម្លៃ និងអត្តន័យនៃសិល្បៈវប្បធម៌ពីសំណាក់ Miss Grand ខ្មែរសុរិន្ទខាងលើពិតជាមានកម្រិតពិតមែនធ្វើឱ្យអាចនឹងពិបាកទទួលយកការរិះគន់ពីអ្នកគាំទ្រខ្មែរប្រសិនបើនាងជាប់ជយលាភីមែននោះ។ ជាមួយគ្នានេះផងដែរខាងអ្នកគាំទ្រថៃឯណោះក៏មិនពេញចិត្តចំពោះ ប៉ានរ៉ាត់ ពិនម៉ឹង ចូលប្រកួត Miss Grand Cambodia ដែរបើទោះជាកញ្ញា មានឈាមជ័រជាខ្មែរក៏ដោយ។
សូមបញ្ជាក់ថា បវរកញ្ញា Miss Grand ខ្មែរសុរិន្ទប៉ានរ៉ាត់ ពិនម៉ឹង មានអាយុ ២៣ ឆ្នាំ មានកម្ពស់ ១,៧៥សង់ទីម៉ែត្រ និងមានទម្ងន់ ៥៦គីឡូ ជាមួយនឹងទំហំទាំង ៣ វិញគឺ ៣៤,២៤, ៣៦។ នាងគឺជា Miss Grand Surin ដែលមានឪពុកម្ដាយជាជនជាតិខ្មែរ សុទ្ធ៕